នៅថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស.២០២៥ ក្រុមការងារនិយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំស្តីពី “ប្រតិបត្តិការហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, Ms. JYOTSANA VARMA ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារ កំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃប្រត្តិបត្តិការហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម ដែលកំពុងអនុវត្តដោយអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងការស្វែងយល់អំពីខ្សែច្រវាក់ផលិតផលសហគមន៍ស្វាយចន្ទី និងសហគមន៍ដំឡូងមីនៅកម្ពុជា។ ជាមួយគ្នានេះ ប្រតិភូក៏បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យអំពីខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលជាក្រុមហ៊ុនផលិត និងកែច្នៃគ្រាប់ស្វាយចន្ទី ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ ផងដែរ។ កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការជាតិ និងគ្រប់គ្រងបំណុល (GDICDM), អង្គភាពគ្រប់គ្រងគម្រោងមកពី PIU2, ទីប្រឹក្សាគម្រោង (AVCC), តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។