នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានសម្របសម្រួលរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្តីពី ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ សម្រាប់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម។ ក្នុងបេសកកម្មនេះ មានការអញ្ជើញចូលរួមពី មន្រ្តីជំនាញបច្ចេកទេស នៃអង្គភាពអនុវត្តគម្រោងក្រោមសមាសភាគលទ្ធផលទី២ (MAFF-Output 2) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃ (AVCC) និង សមាជិកសហគមន៍កសិកម្មដែលដាំដុះដំណាំស្វាយចន្ទី និងដំណាំដំឡូងមី ដោយមានការសម្របសម្រួលពីមន្រ្តីនៃអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តគោលដៅទាំង ៦ រួមជាមួយនឹងទីប្រឹក្សាសម្របសម្រួលថ្នាក់ខេត្តផងដែរ។ កម្មវិធីនេះនេះរៀបចំឡើងដើម្បីសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍លើបច្ចេកទេសដាំដុះ ថែទាំ និងប្រមូលផល រួមទាំងការកែច្នៃផលិតផលពីក្រុមហ៊ុន និងសហគ្រាស។ កម្មវិធីនេះក៏បានរួមចំណែកក្នុងការផ្សារភ្ជាប់រវាងកសិករផលិត និងក្រុមហ៊ុនដែលប្រមូលទិញកសិផលផងដែរ។ ក្រុមបេសកកម្មបានចុះពិនិត្យ និងជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនកែច្នៃផលិតផលស្វាយចន្ទី គឺក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯក ស្ថិតនៅភូមិជីអោក ឃុំរម្យណីយ ស្រុករវៀង ខេត្តព្រះវិហារ និងសហគ្រាសប្រមូលទិញដំឡូងមីនិងពោតរបស់លោក លី ប៊ុនសៀត ស្ថិតនៅភូមិតាអ៊ុង ឃុំតាអ៊ុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ជាលទ្ធផល:
- សហគមន៍កសិកម្ម និងក្រុមហ៊ុន បានជួបជជែកគ្នាដោយផ្ទាល់
- បានទស្សនាចម្ការស្វាយចន្ទី របៀបហាលសម្ងួត
- ការប្រមូល និងរក្សាទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី
- កន្លែងកែច្នៃ (ខ្សែច្រវាក់ផលិតកម្ម )
- បង្ហាញចំណាប់អារម្មណ៍ និងបង្កើតឲ្យមានទំនាក់ទំនងអាជីវកម្មរួមគ្នា។