នៅថ្ងៃអង្គារ ១៤រោច ខែផល្គុន ដល់ថ្ងៃព្រហស្បត្តិ៍ ១កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះបង្ហាត់បង្រៀនដល់ក្រុមផលិតគ្រឿងទេសសំងួតត្រពាំងទឹមនៃកសិករបន្លែសុវត្ថិភាពសៀមរាប ដើម្បីរៀបចំស្នេីសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងផ្នែកកសិ-ឧស្សាហកម្ម មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងទីប្រឹក្សា AVCC ជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ២៤រូប (ស្រ្តី ១៧រូប)។
សកម្មភាពនៃការចុះបង្ហាត់បង្រៀនផ្តោតលើ៖
១. រៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់រមៀតស្រស់
២. គូសលំហូរនៃខ្សែច្រវ៉ាក់កែច្នៃម្សៅរមៀត
៣. ការត្រួតពិនិត្យគុណភាពម្សៅរមៀត
៤. ចុះត្រួតពិនិត្យលេីការកែសម្រួលលំហូរប្លង់ និងហេដ្ឋារចនាសម្ព័ន្ធនៃដំណើរការកែច្នៃ ស្របតាមការអនុវត្តអនាម័យល្អ (GHP)
៥. បង្កើតក្រុមសុវត្ថិភាពចំណីអាហារ GHP
៦. រៀបចំនីតិវីធីលើការប្រើប្រាស់ឧបករណ៍
៧. កំណត់នីតិវិធី និងកម្មវិធីសម្អាតឧបករណ៍ សំភារៈ និងម៉ាស៊ីនកែច្នៃ