ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មលើការរៀបចំផែនការអាជីវកម្ម និងកិច្ចសន្យាកសិកម្ម នៅខេត្តសៀមរាប
==============================
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំដោយលោក ហ៊ុន បូរិន មន្ត្រីនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងក្រុមទីប្រឹក្សាឯកទេស AVCC/ACSEP បានចុះរៀបចំកម្មវិធីបង្ហាត់បង្ហាញស្តីពី “ផែនការអាជីវកម្ម និងកិច្ចសន្យាកសិកម្ម” ជូនដល់សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ស្ថិតក្នុងស្រុកអង្គរធំ។ គោលបំណងសំខាន់ កម្មវិធីនេះរៀបចំឡើងក្នុងគោលដៅពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងសហគមន៍ លើជំនាញសំខាន់ៗចំនួន២ គឺ
១- ការរៀបចំផែនការអាជីវកម្មសហគមន៍កសិកម្ម និង
២- យល់ដឹងអំពីអត្ថប្រយោជន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
ដើម្បីរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មបានប្រសើរនិងគ្រប់ជ្រុងជ្រោយ គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មនីមួយៗ ត្រូវយល់ឱ្យបានច្បាស់លើអំណាចសម្រាប់ការចរចាតម្លៃនៅលើទីផ្សារ៖
១. ការគណនាថ្លៃដើមផលិតកម្មបន្លែ (កសិផល)ក្នុង១ឯកតា។
២. ការសិក្សាតម្លៃទីផ្សារ និងដៃគូប្រកួតប្រជែង។
៣. ការវិភាគ និងសម្រេចចិត្តកំណត់តម្លៃលក់ដែលផ្ដល់ប្រាក់ចំណេញ។
ខ្លឹមសារសំខាន់ៗដែលបានដាក់ចេញ ក្រុមការងារបានធ្វើការណែនាំយ៉ាងលម្អិតលើផែនការយុទ្ធសាស្ត្រចំនួន៧ រួមមាន៖ ផែនការទីផ្សារ, ផលិតកម្មបន្លែសុវត្ថិភាព (ជាពិសេសប៉េងប៉ោះឈើរី), ធនធានមនុស្ស, ហិរញ្ញវត្ថុ, ការគ្រប់គ្រងហានិភ័យ ផែនការសកម្មភាព និងអត្ថប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានាបាននូវស្ថិរភាពតម្លៃ និងទីផ្សារជូនសមាជិក។
ក្រោយការបង្ហាត់បង្ហាញនេះ ក្រុមការងារនឹងបន្តតាមដាន និងវាយតម្លៃលើការអនុវត្តជាក់ស្តែងរបស់សហគមន៍ ដើម្បីធានាថាការរៀបចំផែនការអាជីវកម្មនេះ នឹងប្រែក្លាយទៅជាលទ្ធផលសេដ្ឋកិច្ចពិតប្រាកដ ជួយលើកកម្ពស់ជីវភាពកសិករក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។