នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃការចុះបេសកកម្មនៅក្នុងខេត្តសៀមរាប លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានដឹកនាំ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទីប្រឹក្សាអនុវត្តគម្រោង (PIC) ទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានចុះពិនិត្យ ៣ ទីតាំងក្នុងខេត្តសៀមរាប រួមមាន៖
១. កសិករឈ្មោះ គីមអ៊ាង សុភាព ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង បានទទួលឥណទានកម្ចីពីគម្រោង តាមរយៈធនាគារស្ថាបនា ចំនួន ៣០ ០០០ ដុល្លារអាមេរិកដើម្បីវិនិយោគក្នុងការដំាំបន្លែ(ត្រសក់ ននោង សណ្តែកកួរ ស្ពៃជើងទា ត្រប់)។ គាត់ប្រមូលផលបន្លែជាមធ្យមបានចំនួនពី ៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយថ្ងៃ។ ការផ្គត់ផ្គងបន្លែមិនទាន់ឆ្លើយតបនឹង តម្រូវការទីផ្សារ ដោយបរិមាណបន្លែដែលគាត់ផលិតបាននៅមានកម្រិត។ ដើម្បីពង្រីកទំហំផលិតកម្ម គាត់មានបំណងចង់ស្នើប្រាក់កម្ចីបន្ថែមទៀត ប៉ុន្តែគាត់មិនទាន់ចូលជាសមាជិកសហគមន៍នៅឡើយទេ។ ក្រុមបេសកកម្មក៏បានស្នើគាត់អោយចូលរួមជាសមាជិកសហគមន៍ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងទៀតពីគម្រោង ដូចជាការផ្តល់បច្ចេកទេសទាក់ទងនឹងការដាំដុះ ការប្រើប្រាស់ជី និងអាចទទួលបានការគាំទ្រផ្សេងៗទៀតពីអ្នកជំនាញ។ដោយសារតែការចូលរួមជាសមាជិកសហគមន៍ ជាគោលការណ៍ស្មគ្រចិត្តក៏ពិតមែន តែការក្លាយជាសមាជិកសហគមន៍ពេញលេញមានតែនៅពេល សហគមន៍ធ្វើសន្និបាតប្រចាំឆ្នាំប៉ុណ្ណោះ។
២. កសិករចិញ្ចឹមមាន់ឈ្មោះ ឈឿម វយ ស្ថិតក្នុងភូមិថ្នល់ ឃុំចាន់សរ ស្រុកសូត្រនិគម បានទទួល រោងចិញ្ចឹមមាន់មេបាពូជសម្រាប់បង្កាត់យកពងនិងភ្ញាស់ជាកូនមាន់ពូជល្អ សម្រាប់លក់ចែកចាយទៅកសិករផ្សេងទៀតក្នុងគម្រោង ព្រមទាំងផ្សព្វផ្សាយបទពិសោធន៍ជោគជ័យទៅដល់កសិករផ្សេងៗ។ បច្ចុប្បន្ននេះគាត់ចិញ្ចឹមមេមាន់ចំនួន ៣០០ ក្បាល ទទួលបានប្រាក់ចំណេញប្រចាំខែ ពី ១ ៥០០ ០០០ ទៅ ២ ០០០ ០០០ រៀល គាត់មានបំណងពង្រីកការចិញ្ចឹមមេមាន់ចំនួន ៥០០ ក្បាល។
៣. សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ស្ថិតក្នុងភូមិជ្រៃខាងជើង ឃុំគៀនសង្កែ ស្រុកសូត្រនិគម ។ ក្នុងសហគមន៍ មានសមាជិកចំនួន ៣០ នាក់ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP)។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលកសិករបានពេញចិត្ត និងមានកសិករចំនួន ៥ បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ CamGAP ដោយមានការគាំទ្រពីគម្រោង។ ការផលិតបន្លែសុវត្ថិភាពបានចំនួនប្រហែល ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ បរិមាណនេះមិនអាចបំពេញតាមតម្រូវការទីផ្សាបាន ដូច្នេះគាត់បានស្នើគម្រោងពិនិត្យលទ្ធភាពដើម្បីជួយឧបត្ថមផ្ទះសំណាញ់បន្ថែមទៀត សម្រាប់ដាំបន្លែសុវត្ថិភាព។