នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានបន្តដឹកនាំ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដើម្បីចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  និងមានការអញ្ជើញចូលរួមផងដែរពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១  និងសមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានបន្ពចុះពិនិត្យ ២ទីតាំងទៀតក្នុងខេត្តព្រះវិហារ រួមមាន៖

១. ចម្ការបង្ហាញ ដំណាំស្វាយចន្ទីរបស់កសិករឈ្មោះ   តឿង នួត  ជាសមាជិកសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន។ ការធ្វើបង្ហាញនេះ ត្រូវបានគាំទ្រដោយគម្រោងដើម្បីបង្ហាញពីការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវដើម្បីអោយចន្ទីទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយ។ មន្រ្តីជំនាញផ្នែកដំណាំឧស្សាហកម្មបានផ្តល់ជាបច្ចេកទេសទៅតាមដំណាក់កាលដូចជាការដាំដំណាំគម្របដីដែលអាចក្លាយជាជីធម្មជាតិ និងវិធីសាស្រ្តតាក់តែងមែកជាដើម។ ក្រោយពីការអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ នៅចុងរដូវកាលនៃការប្រមូលផល ទីតាំងស្រែបង្ហាញនេះ នឹងមានរៀបចំជាកម្មវិធីទិវាស្រែដែលគ្រោងនឹងអញ្ជើញកសិករក្នុងតំបន់មកចូលរួមដើម្បីបង្ហាញពីលទ្ធផលជាក់ស្តែង។ នៅឆ្នាំ២០២៦ កសិករគម្រូ នឹងចែករំលែកចំណេះដឹងជោគជ័យនេះដល់កសិករ ២៥នាក់ នៅភូមិជាមួយគាត់។

២. សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ដែលទទួលបានឥណទានកម្ចីពីគម្រោង តាមអំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចំនួន ៥០ ០០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សមរម្យ សម្រាប់យកពង្រីកអាជីវកម្មដំឡូងមី(ការទិញលក់ដំឡូងមីពីសមាជិកសហគមន៍)។ បន្ទាប់ពីទទួលកម្ចីនេះសហគមន៍បានទទួលប្រាក់ចំណេញ ហើយសហគមន៍គ្រោងនឹងស្នើសុំ ប្រាក់កម្ចីបន្ថែមទៀត ដើម្បីសហគមន៍យកទៅធ្វើអាជីវកម្មបន្ត និងទទួលបានប្រាក់ចំណេញបន្ថែមទៀតផងដែរ។ ក្រុមបេសកកម្មក៏បានស្នើដល់សហគមន៍ត្រូវរៀបចំផែនការអាជីវកម្មអោយបានច្បាស់លាស់ជាមួយគ្នានេះ គម្រោងក៏គ្រោងឧបត្ថម្ភជាឃ្លាំងស្តុកដំឡូងមីសម្រាប់ជួយដល់សហគមន៍ផងដែរ។