នៅថ្ងៃអង្គារ ២កេីត ដល់ថ្ងៃព្រហស្បត្តិ៍ ៤កេីត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបន្តចុះបង្ហាត់បង្រៀនដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងទីប្រឹក្សាគម្រោង (AVCC) សរុបចំនួន ២៤រូប (ស្រ្តី ១២រូប)។
ដំណើរការនៃការចុះបង្ហាត់បង្រៀន និងណែនាំដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្នុងការបង្កើតឯកសារ និងការបំពេញកំណត់ត្រា រួមមានសកម្មភាព ដូចជា ១). ការរៀបចំលេីការបង្ហាញគោលការណ៍ នៃការអនុវត្តអនាម័យល្អ និងអនាម័យបុគ្គលិក ២). ប្លង់នៃលំហូរដំណើរកែច្នៃ ៣). ការកសាងឯកសារកំណត់ត្រាសំខាន់ៗនៃដំណាក់កាលសំខាន់ៗរបស់សិប្បកម្មចាប់ពីទទួលផលិតផល រហូតដល់ដំណើរការកែច្នៃ ៤). ការណែនាំរបៀបនៃការបំពេញឯកសារ និង ៥). ការកំណត់លេខកូដផលិតកម្ម ។