កាលពីថ្ងៃទី៣ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្តិភាពកសិកម្ម  (ACSEP-PIU1) នៃនិយ័តករបរធនបាលកិច្ច ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំដំណើរទស្សកិច្ចសិក្សានៅទីក្រុងដាឡាត់ ខេត្តឡឹមដុង ប្រទេសវៀតណាម។ ប្រតិភូទស្សនកិច្ចសិក្សាដែលដឹកនាំដោយឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានអង្គភាពអនុវត្តគម្រោង ACSEP សមាសភាគទី១ អមដោយលោក ឃុន វាសនា អគ្គនាយករង និងជាប្រធានផ្នែកលទ្ធកម្ម លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការ លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច និងជាប្រធានផ្នែករដ្ឋបាលនិងគាំទ្រទូទៅ លោក ហេង សាមឌី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានផ្នែកតាមដានត្រួតពិនិត្យ  អង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក/លោកស្រី ជាមន្រ្តីអនុវត្តគម្រោង និងទីប្រឹក្សា សរុបចំនួន ១១ រូប។ ទស្សនកិច្ចនេះមានគោលបំណងដើម្បីសិក្សា ស្រាវជ្រាវ ស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីខ្សែច្រវាក់ផលិតកម្មកសិកម្ម ជាពិសេសលើផលិតផលបន្លែ ចាប់តាំងពីពេលចាប់ផ្តើមដាំដុះ ថែទាំ ប្រមូលផល ក្រោយប្រមូលផល ការកែច្នៃ ការវេចខ្ចប់ ការផ្គត់ផ្គង់ទីផ្សារ ការទំនាក់ទំនងទីផ្សារ និងការស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយដែលបានជួបប្រទះនាពេលកន្លងមក។ល។ ក្នុងនោះក៏បានផ្តោតជាសំខាន់លើបទពិសោធន៍នៃការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម ការវិវឌ្ឍន៍ខ្លួនពីផលិតកម្មជាលក្ខណៈគ្រួសារ ក្លាយជាក្រុមហ៊ុនផលិតកម្មដ៏ធំ  រចនាសម្ព័ន្ធក្រុមហ៊ុន  ធនធានមនុស្ស ប្រភពទុនវិនិយោគ កិច្ចសន្យាទីផ្សារផែនការអាជីវកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ក្នុងខ្សែច្រវាក់ផលិតកម្ម។ ប្រតិភូបានចុះទស្សនកិច្ចក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន LANGBIAN FARM CO.,LTD និងក្រុមហ៊ុន PHONG THUY AGRICULTURAL PRODUCT TRADE MANUFACTURING CO., LTD ព្រមទាំងមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយផលិតផលកសិកម្ម និងសហគ្រាសកែច្នៃមួយចំនួនទៀត ក្នុងទីក្រុងដាឡាត់ ខេត្តឡឹមដុង។