ចាប់ពីថ្ងៃចន្ទ ១១កើត ដល់ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវេទិកាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានគម្រោង ACSEP” ក្រោមការដឹកនាំរបស់ លោក ហេង សំអុល ប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ និងជាមន្រ្តីលទ្ធកម្មនៃគម្រោង ACSEP-PIU1។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដល់សមាជិកនៃសហគមន៍កសិកម្មចំនួន ៥ រួមមាន៖ សហគមន៍កសិកម្មឧត្តមសុរិយា, សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់, សហគមន៍កសិកម្មរនាមសាមគ្គី, សហគមន៍កសិកម្មសំភ្លីអង្គររង្សី និងសហគមន៍កសិកម្មបក្សីរីករាយ ខេត្តតាកែវ ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្ម ក៏ដូចជាមុខរបររបស់ខ្លួន។ វេទិកានេះ មានការចូលរួមដោយតំណាងសមាជិក-សមាជិកាសហគមន៍កសិកម្ម, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ, មេឃុំ-ក្រុមប្រឹក្សាឃុំ និងមេភូមិ មន្រ្តីកសិកម្មឃុំ និងក្រុមការងារគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។