ព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ​ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩​ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើក កម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្រប ខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង  ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រង គម្រោង ACSEP-PIU1។

គោលបំណងនៃការរៀបវគ្គបណ្តុះបណ្តាលនេះដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមចូលរួមដែលជាតំណាងសហគមន៍កសិកម្ម កសិករផលិត ក៏ដូចជាម្ចាស់សហគ្រាសកសិធុរកិច្ចដែលមកពីខេត្ត កំពង់ចាម ត្បូងឃ្មុំ និងកំពង់ធំក្នុងការរៀបចំសំណើសុំអាជីវកម្ម ដើម្បីស្នើសុំកម្ចីពីគម្រោង ACSEP កាន់តែមានប្រសិទ្ធភាពខ្ពស់។

វគ្គនេះមានការចូលរួមដោយតំណាងសហគមន៍កសិកម្ម កសិធុរកិច្ច, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរ កសិកម្មខេត្ត, តំណាងមកពីធនាគារស្ថាបនា (SPNB) និងធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម(ARDB)។