នៅថ្ងៃអង្គារ ៩រោចដល់ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីរួមខេត្តព្រះវិហារ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងខេត្តកំពង់ធំ អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "កិច្ចសន្យាផលិតកម្មកសិកម្ម" ក្រោមអធិបតីភាពបណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិ-ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត សរុបចំនួន ២៦រូប (ស្រ្តី ៨រូប)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១). ពង្រឹងការយល់ដឹងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំដែលបង្ហាញអំពីសិទ្ធិ និងកាតព្វកិច្ចរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ការកំណត់បរិមាណ គុណភាព និងតម្លៃនៃផលិតផលកសិកម្ម ក្រោមយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដល់មន្រ្តីក្នុងគម្រោង ACSEP និងមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្ត។
២). បង្កើនចំណេះដឹងក្នុងការសម្របសម្រួលដំណើរនៃការចរចា ការរៀបចំកិច្ចសន្យា និងការចុះកិច្ចសន្យាព្រមទាំងនីតិវិធីនៃការស្នើសុំចុះបញ្ជីការ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា រវាងសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម។
៣). ផ្ដល់គោលការណ៍ណែនាំដែលទាក់ទងនឹងយន្តការដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងពេលអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។