ចាប់ពីថ្ងៃទី ០៩-១១ ខែធ្នូ ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វរបស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ស្តីពីការអនុវត្តន៍ការចិញ្ចឹមសត្វល្អ(GAHP) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ប្រធានផ្នែកសុខភាពសត្វនិងផលិតម្មសត្វ និងក្រុមការងារ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និង កសិករចិញ្ចឹមមាន់ស្រុក សរុបចំនួន ៣៣ នាក់ក្នុងនោះមានស្រ្តី ០៩នាក់រួមមាន៖
• ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ចំនួន ០៣នាក់
• ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ចំនួន ០៥នាក់
• ថ្នាក់ដឹកនាំ និង ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចំនួន ០៣ នាក់
• កសិករចិញ្ចឹមមាន់ស្រុក ចំនួន ២២នាក់ (០៩នាក់ជាស្រ្តី)
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចិញ្ចឹមមាន់ស្រុកដើម្បី បង្កើនផលិតកម្មនៃការចិញ្ចឹមមាន់ប្រកបដោយសុវត្ថិភាព មានសុខភាពល្អ និងមាននិរន្តរភាព ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារ សុខុមាលភាពសត្វ ការការពារបរិស្ថាន និងបង្កើនប្រាក់ចំណូលរបស់កសិករ ការអនុវត្តគោលការណ៍សំខាន់ៗ នៃការអនុវត្តការចិញ្ចឹមសត្វល្អ រួមមាន ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងកាកសំណល់ ការថែទាំបរិស្ថាន សុវត្ថិភាពចំណីអាហារ ការជ្រើសរើសពូជ និងធាតុចូលមានគុណភាព ការបង្កាត់ពូជ និងការគ្រប់គ្រងការបន្តពូជ ការរក្សាខ្យល់ចេញចូលល្អ ការគ្រប់គ្រងចំណី និងកសិដ្ឋាន ការអនុវត្តវិធានការជីវសុវត្ថិភាព និងអនាម័យ និងកម្មវិធីចាក់វ៉ាក់សាំង ដោយផ្តោតសំខាន់លើសុខុមាលភាពសត្វ។