កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្កាត់សិប្បនិម្មិតមាន់ដល់កសិករបង្កាត់ភ្ញាស់កូនមាន់ នៅទីតាំងទាំង៤នៃគម្រោង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងកសិដ្ឋានចិញ្ចឹមបង្កាត់ភ្ញាស់កូនមាន់ ក្នុងខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតម្មសត្វ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គ្រូបណ្តុះបណ្តាលដែលជាកសិករចិញ្ចឹមនិងបង្កាត់ភ្ញាស់កូនមាន់ និងកសិករមកពីទីតាំងទំាង៤នៃគម្រោងដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ស្រុក ចំនួន៩នាក់៖
- ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ចំនួន ៣នាក់
- ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ១នាក់
- គ្រូបណ្តុះបណ្តាលបង្កាត់សិប្បនិម្មិតមាន់ ចំនួន ១នាក់
- កសិករដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ស្រុក ចំនួន ៤នាក់ (១នាក់ជាស្រ្តី)
គោលបំណងនៃវគ្គបណ្តុះបណ្តាលបច្ចេកទេសបង្កាត់សិប្បនិមិ្មតមាន់ គឺដើម្បីផ្តល់នូវចំណេះដឹង និងការអនុវត្តជាក់ស្តែងលើបច្ចេកទេសបង្កាត់សិប្បនិម្មិតមាន់នៅកសិដ្ឋានបង្កាត់ភ្ញាស់កូនមាន់ ដល់កសិករទាំង៤ ដែលមកពីទីតាំងទាំង៤នៃគម្រោង រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។