នៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ (PMU) និងទីប្រឹក្សាគម្រោងផ្នែកការពារសុវត្ថិភាពបរិស្ថាននិងសង្គម នៃ (PIC) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី កិច្ចគាំពារសុវត្ថិភាពសង្គម បរិស្ថាន និងផលប៉ះពាល់ក្នុងពេលផ្លូវសាងសង់សម្រាប់អ្នកម៉ៅការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ លើខ្សែផ្លូវបន្ថែមថ្មីចំនួន៣ខ្សែ មានប្រវែងសរុប ២៥,២៤ គ.ម ក្នុងក្របខ័ណ្ឌគម្រោង (ACSEP) ដែលបានប្រារព្ធធ្វើទ្បើង នៅតាមឃុំគោលដៅខ្សែផ្លូវគម្រោងចំនួន២ផ្សេងគ្នាគឺ៖ទីតាំងទី១. សាលាឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងទីតាំងទី២. សាលាឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោង ដែលមានសមាសភាពចូលរួមពីមន្ត្រីនិងទីប្រឹក្សានៃអង្គភាពអនុវត្តគម្រោង សមាសភាពទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីនិងទីប្រឹក្សាសម្របសម្រួលគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំនិងព្រះវិហារ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារនិងកំពង់ធំ មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំនិងព្រះវិហារ តំណាងអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក តំណាងអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ តំណាងអភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋានភូមិនិងឃុំពាក់ព័ន្ធនៃខេត្តកំពង់ធំនិងព្រះវិហារ តំណាងក្រុមហ៊ុន C. No Construction and investment Co., Ltd រួមជាមួយអ្នកពាក់ផ្សេងទៀតសរុបចំនួន៧៩នាក់ (ស្រី ១៣នាក់)។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់គឺ៖
-បង្កើននិងពង្រឹងសមត្ថភាពយល់ដឹងបន្ថែមដល់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ អំពីការទទួលខុសត្រូវលើផ្នែកកិច្ចគាំពារសុវត្ថិភាពសង្គមនិងការគ្រប់គ្រងផលប៉ះពាល់ក្នុងសហគមន៍ ដែលអាចកើតមានទ្បើងក្នុងពេលផ្លូវសាងសង់។
-ពង្រឹងក្របខ័ណ្ឌគតិយុត្ត លិខិតបទដ្ឋាន និងស្តង់ដាបច្ចេកទេសជាតិ ដែលពាក់ព័ន្ធនិងសុវត្ថិភាពការដ្ឋាន និងការគ្រប់គ្រងកាកសំណល់រឹង រាវ និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើងក្នុងពេលសាងសង់ដូចជា៖ ផលប៉ះពាល់ពីធូលី សំឡេងរំញ័រ ការបំពុលទឹក សុវត្ថិភាពរបស់កម្មករ...។
ជាលទ្ធផលទទួលបានដូចខាងក្រោម៖
-អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ ទទួលបានការយល់ដឹងអំពីគោលបំណង ផលប្រយោជន៍ បច្ចេកទេសសាងសង់ផ្លូវ ផលប៉ះពាល់សង្គមនិងបរិស្ថាន និងត្រៀមបញ្ចៀសផលប៉ះពាល់ផ្សេងៗ និងបានយល់ព្រមដោយស្ម័គ្រចិត្ត ចំពោះការសាងសង់ផ្លូវបន្ថែមរបស់គម្រោង ACSEP ដែលផ្លូវបន្ថែមនេះនឹងចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។
-អាជ្ញាធរមូលដ្ឋាន បានទំនាក់ទំនងជាមួយអ្នកម៉ៅការដើម្បីជ្រើសរើសអ្នកភូមិចូលរួមធ្វើជាកម្មករសាងសង់ផ្លូវក្នុង នោះ ត្រូវមានស្ត្រីចំនួន ៣០%។
-នៅពេលចាប់ផ្តើមនិងអំឡុងពេលសាងសង់ផ្លូវ ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជម្រាបប្រជាពលរដ្ឋដើម្បីចូលរួមដោះស្រាយ បញ្ហាដែលកើតមានដោយសន្តិវិធីតាមយន្តការដោះស្រាយបណ្តឹងសារទុក្ខដែលបានរៀបចំរួចរាល់។