កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចរបស់អ្នកទទួលម៉ៅការសាងសង់ លើកិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៃលទ្ធផលទី២ តាមរយៈដោយផ្ទាល់និងហ៊្សូម ក្រោមការសម្របសម្រួលដោយ លោក ឆេង វិបុសរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ដោយមានការចូលរួមពីក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) និងទីប្រឹក្សាគម្រោង(PIC) ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តគោលដៅ និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៦  និងក្រុមហ៊ុនម៉ៅការសាងសង់។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺពង្រឹងការយល់ដឹង និងការអនុវត្តរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ឱ្យស្របតាមតម្រូវការបច្ចេកទេស នីតិវិធីរដ្ឋបាល និងគោលការណ៍កិច្ចគាំពារសុវត្ថិភាពបរិស្ថាន និងសង្គមរបស់គម្រោង។ ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ស្តីពីបញ្ហាប្រឈមក្នុងការអនុវត្តការងារសាងសង់ និងការបញ្ជាក់បញ្ជីឈ្មោះអ្នកទទួលផលនៅតាមខេត្តគោលដៅផងដែរ។ 
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានទទួលការណែនាំអំពីកាតព្វកិច្ចសំខាន់ៗ របស់ក្រុមហ៊ុនម៉ៅការសាងសង់ រួមមាន ការគោរពវិធានការការពារបរិស្ថាន ការគ្រប់គ្រងសុវត្ថិភាពនៅការដ្ឋានសំណង់ ការការពារសុខុមាលភាពកម្មករ ការដោះស្រាយបណ្តឹងតវ៉ា និងការជៀសវាងផលប៉ះពាល់ដល់សហគមន៍ និងអ្នកទទួលផល។
ជាលទ្ធផល បានរួមចំណែកលើកកម្ពស់ការសម្របសម្រួលរវាងអង្គភាពអនុវត្តគម្រោង មន្ទីរកសិកម្មខេត្ត ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធ ដើម្បីធានាថា ការអនុវត្តសកម្មភាពសាងសង់ក្រោមគម្រោង ACSEP ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព តម្លាភាព ទទួលខុសត្រូវ និងស្របតាមគោលការណ៍កិច្ចគាំពារសុវត្ថិភាពបរិស្ថាន និងសង្គម។