ថ្ងៃអង្គារ ១០កើត ដល់ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការរៀបចំឯកសារ និងសវនកម្មផ្ទៃក្នុង លើប្រព័ន្ធសុវត្ថិភាពចំណីអាហារ GHP/HACCP" មានការអញ្ជើញចូលរួមពីសហគ្រាសកសិកម្ម មន្រ្តីគម្រោងផ្នែកកសិឧស្សាហកម្ម មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងទីប្រឹក្សាជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ៤១ នាក់ (ស្រ្តី ១៤នាក់)។  
វគ្គបណ្តុះបណ្តាលដល់សហគ្រាសកសិកម្មមានគោលបំណង៖
១. ការរៀបចំឯកសារលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ រួមមាន៖  គោលនយោបាយសុវត្ថិភាពចំណីអាហារ (GHP/HACCP) សៀវភៅណែនាំ (Manual) នីតិវិធីស្តង់ដារអនុវត្ត (SOPs) ការណែនាំការងារ (Work Instruction) និងកំណត់ត្រា ឬរបាយការណ៍ជាដើម។ 
២. នីតិវិធីនៃការធ្វេីសវនកម្មផ្ទៃក្នុង ក្នុងសហគ្រាសកសិកម្ម។ 
៣. ការអនុវត្តផ្ទាល់លើការរៀបចំនីតិវិធីស្តង់ដារអនាម័យផ្ទាល់ខ្លួន ដែលមានបញ្ជាក់ពីគោលបំណង វិសាលភាពនៃនីតិវិធី កំណត់ត្រានៃស្តង់ដារអនាម័យផ្ទាល់ខ្លួន ការពណ៌នាពីទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងបុគ្គលិក សកម្មភាពតាមដាន និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ចំណីអាហារ សកម្មភាពកែតម្រូវ និងផ្ទៀងផ្ទាត់ និងដំណេីរនៃការរៀបចំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង។