នាថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាព អនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំវគ្គបណ្ដុះបណ្តាលស្ដីពី "ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម និងការបំពេញទម្រង់ព័ត៌មាន សំណើរបស់ស្ថាប័ន ហិរញ្ញវត្ថុដៃគូ(ESMS) ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)" ដល់មន្រ្តីបង្គោលនៃស្ថាប័នហិរញ្ញវត្ថុដៃគូរបស់គម្រោង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, រាជធានីភ្នំពេញ។

វគ្គនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបង្គោលរបស់ស្ថាប័នហិរញ្ញវត្ថុដៃគូ លើគោលការ និងលក្ខខណ្ឌផលិតផលឥណទានរបស់គម្រោង គោលការនៃកិច្ចគាំពារសុវត្ថិភាពបរិស្ថាន សង្គម និងយេនឌ័រ និងការអនុវត្តផ្ទាល់លើការបំពេញទម្រង់ព័ត៌មានសំណើរបស់ស្ថាប័នហិរញ្ញវត្ថុដៃគូ(Information Sheet)។ 

វគ្គនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សាគម្រោង ACSEP-PIU1, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PMU/PIC), តំណាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC),  គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំង ៦ រួមមាន៖ ធនាគារ វីង, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារហ្វីលីព ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំង២ មាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។