នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនិយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវត្តគម្រោងឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តរ គម្រោងស្តីពីការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សម្រាប់សមាសភាគទី១។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជានាយកគម្រោង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រោងគម្រោង លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងចូលរួមដោយសមាជិក សមាជិកាដែលអញ្ជើញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន អគ្គរនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល MEF-GDICDM សាជីវកម្មធានាឥណទានកម្ពុជា CGCC ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ធនាគារស្ថាបនា ភីអីលស៊ី SPNB អង្គភាពគ្រប់គ្រោងគម្រោងក្រសួងកិសកម្មរុក្ខាប្រមាញ់ និងនេសាទ MAFF-PMU អង្គភាពអនុវត្តគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ MRD-PIU3 និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ១១។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងធ្វើការពិនិត្យវាយតម្លៃវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥, ទទួលយកធាតុចូលផ្សេងៗពីភាគីអនុវត្តពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល នឹងកែលម្អ, ឧបសគ្គក្នុងដំណើរការអនុវត្តនាពេលកន្លងមក និងការលើកជាសំណូមពរផ្សេងៗ, និង ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តអនុវត្តបន្តរ។