នៅថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon Riverside អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពី “ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP)” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB។ សិក្ខាសាលានេះមានការអញ្ចើញចូលរួមពីលោក លោកស្រី អ្នកនាង កញ្ញា ជាអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងហិរញ្ញវត្ថុ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant) ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC  ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ។ សិក្ខាសាលាមានគោលបំណង ពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពក្នុងឆ្នាំ២០២៥ កន្លងមក និងពិភាក្សាអំពីបញ្ហាប្រឈមនានា និងលើកជាដំណោះស្រាយសំដៅលើកកម្ពស់ការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។