ចាប់ពីថ្ងៃទី ២២-២៣ ខែធ្នូ ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វរបស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project – ACSEP) បានរៀបចំវគ្គសិក្ខាសាលាពង្រឹងសមត្ថភាពភា្នក់ងារសុខភាពសត្វភូមិក្នុងការគ្រប់គ្រងការផ្ទុះជំងឺបក្សី(មាន់) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។ វគ្គសិក្ខាសាលានេះបានទទួលមូលនិធិពីដៃគូអភិវឌ្ឍន៍ ADB។ វគ្គសិក្ខាសាលានេះមានការចូលរួមពីក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វនិងផលិតម្មសត្វ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និង ភ្នាក់ងារសុខភាពសត្វភូមិ សរុបចំនួន ៣៥ នាក់ក្នុងនោះមានស្រ្តី  ០៥នាក់រួមមាន៖

•  ក្រុមកាងារអង្គភាពគ្រប់គ្រងគម្រោង(PMU) ចំនួន ០២ នាក់

•  ក្រុមការងារសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ចំនួន ៥នាក់

•  ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចំនួន ៣នាក់

•  ភា្នក់ងារសុខភាពសត្វភូមិ ចំនួន ២៥នាក់ (៥នាក់ជាស្រ្តី) 

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពភ្នាក់ងារសុខភាពសត្វភូមិជាមួយនឹងចំណេះដឹងថ្មីៗនៃការអនុវត្តជាក់ស្តែងក្នុងការអនុវត្តជីវសុវត្ថិភាពក្នុងការការពារជំងឺសត្វ ប្រព័ន្ធរាយការជំងឺសត្វ ការឆ្លើយតប និងការគ្រប់គ្រងការផ្ទុះជំងឺបក្សីពិសេសជំងឺផ្តាសាយបក្សី ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ និងអត្រាស្លាប់ ការខាតបង់សេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសុខភាពសាធារណៈតាមរយៈការអនុវត្តវិធានការអនាម័យបសុព្យាបាលឱ្យបានត្រឹមត្រូវ។