កាលពីថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ" នៅសណ្ឋាគារភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៤១ នាក់ (ស្រី្តចំនួន ៨នាក់) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) អង្គភាពអនុវត្តគម្រោង ទីប្រឹក្សាផ្នែកគាំពារសង្គមនិងបរិស្ថាន (PIC) ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តត្បូងឃ្មុំ (AVCC-PC) អង្គភាពអនុវត្តគម្រោងថ្នាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានរដ្ឋបាលសង្កាត់-ឃុំពាក់ព័ន្ធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការទទួលបណ្ដឹងសារទុក្ខថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ ក្នុងការចូលរួមដោះស្រាយនូវវិវាទនានា ដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង ACSEP ដែលមានទីតាំងក្របដណ្តប់លើសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកស្ថិតក្នុងតំបន់គម្រោង និងជាភាពចាំបាច់សម្រាប់ការធានានូវអត្ថប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ត្រូវបានចែករំលែកប្រកបដោយសមធម៌ ហើយអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគម្រោងទាំងនេះ ត្រូវបានផ្តល់សំណងនិងការគាំទ្រដោយពេញលេញ ព្រមទាំងធានានូវការអនុវត្តសកម្មភាពគម្រោងប្រកបដោយប្រសិទ្ធភាព នៃយន្តការដោះស្រាយបណ្តឹងសារទុក្ខ។
សិក្ខាសាលាស្តីពី"ការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ" នៅសណ្ឋាគារភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ
2025-09-09