នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដល់រដ្ឋបាលខេត្តគោលដៅថ្មី” សម្រាប់ខេត្តរតនគិរី នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ក្រោមអធិបតីភាពរបស់ លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងជាប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និង ឯកឧត្តម នាង សំអាត អភិបាលរងខេត្តរតនគិរី តំណាងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដល់សមាជិក-សមាជិកានៃសហគមន៍កសិករ ដែលស្ថិតនៅខេត្តរតនគិរី ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយតំណាងសហគមន៍កសិកម្ម/កសិធុកិច្ច, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អភិបាល និងអភិបាលរងក្រុង/ស្រុក, មន្រ្តីកសិកម្មឃុំ និងក្រុមការងារ និងមន្រ្តីបង្គោលនៃគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូរួមមាន៖ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារស្ថាបនា, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារហ្វីលីព ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី។