នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP)” សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន នៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1, ឯកឧត្តម ហេង វន្នី អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង, ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណ:អភិបាលខេត្តប៉ៃលិន។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុរកិច្ច ស្ថិតនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលានេះ មានការចូលរួមដោយលោក/លោកស្រីតំណាងរដ្ឋបាលខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន, សមាជិក/សមាជិកាសហគមន៍កសិកម្ម, មន្ត្រី និងទីប្រឹក្សារបស់គម្រោង ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមការងារគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។