ចាប់ពីថ្ងៃចន្ទ ៧កើត ដល់ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានគម្រោង ACSEP” ក្រោមអធិបតីភាពរបស់លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃ ន.ប.ធ.  និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 តំណាងរបស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 នៅខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះ និងគាំទ្រដល់សហគមន៍កសិកម្ម និងកសិធុកិច្ច ដល់សមាជិក-សមាជិកាសហគមន៍កសិកម្មចំនួន ៥ រួមមាន៖ សហគមន៍កសិកម្មសាមគ្គីម៉ាឡៃ, សហគមន៍កសិកម្មអូរសំព័រសាមគ្គីស្ម័គ្រចិត្ត, សហគមន៍កសិកម្មមាន់ស្រែចំណោម, សហគមន៍កសិកម្មបន្ទាយនាងមានជ័យ និងសហគមន៍កសិកម្មសាមគ្គីបន្លែឃុំរហាត់ទឹក ខេត្តបន្ទាយមានជ័យ ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រ និងពង្រីកផែនការអាជីវកម្មរបស់ខ្លួន។ 
សិក្ខាសាលានេះ មានការចូលរួមដោយ សមាជិក/សមាជិកាសហគមន៍កសិកម្ម, មន្ត្រី និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ, និងក្រុមការងារគម្រោងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនា (Sathapana Bank)។