កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានសហការជាមួយនឹងក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) និងមានការសម្របសម្រួលដោយមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីពី "ការពង្រីកឱកាសទីផ្សារសម្រាប់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម" នៅខេត្តកំពង់ធំ។ សិក្ខាសាលាមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគ្រប់គ្រងគម្រោង ACSEP តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងមានការចូលរួមពី អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) តំណាងក្រុមហ៊ុនកែច្នៃកសិផល សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ៦៦នាក់ (ស្រ្តី ២៣នាក់)។ សិក្ខាសាលា មានគោលបំណង៖
១. ស្វែងយល់ពីតម្រូវការទីផ្សារសម្រាប់ផលិតផលស្វាយចន្ទី, ស្វាយ, ដំឡូងមី, បន្លែ និងមាន់ស្រុក
២. បង្កើតទំនាក់ទំនង និងតភ្ជាប់រវាងអ្នកផលិតស្វាយចន្ទី, ស្វាយ, ដំឡូងមី, បន្លែ និងមាន់ស្រុកជាមួយ អ្នកទិញ ដើម្បីឲ្យផលិតផលទទួលបានតម្លៃសមរម្យ
៣. ជំរុញឱ្យមានកិច្ចព្រម ព្រៀងរវាងអ្នកលក់ និងអ្នកផលិត និងអ្នកប្រមូល/អ្នកទិញ/ក្រុមហ៊ុន។
ជាលទ្ធផល គម្រោងបានសម្របសម្រួលឱ្យសហគ្រាសកសិកម្មបានចុះហត្ថលេខាលើលិខិតសម្តែងអំពីបំណង (Letter of Intent) ក្នុងការភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន Inclusive Business Partnership (IBP) ចំនួន ២៣ ជាមួយសហគមន៍កសិកម្ម។