នៅថ្ងៃព្រហស្បត៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនៅក្នុងខេត្តសៀមរាប ដោយបានចុះជួបជាមួយនឹងសហគមន៍កសិកម្មដៃគូ ដែលទទួលផលពីគម្រោងចំនួន ២ រួមមាន៖
១.សហគមន៍កសិកម្ម សម្ព័ន្ធកសិករខ្មែរអង្គរ ស្ថិតនៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សហគមន៍មានសមាជិក ៤៣នាក់/គ្រួសារ (ស្រ្តី ១៥រូប)។ សហគមន៍ទទួលបានផ្ទះសំណាញ់ចំនួន ៤ ពីគម្រោង ដើម្បីដាំដុះបន្លែ។ សមាជិកសហគមន៍ចំនួន ៨គ្រួសារបានកំពុងទទួលការបង្ហាត់បង្ហាញពីមន្រ្តីជំនាញនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) អំពីការផលិតពូជប៉េងប៉ោះឈឺរី( Cherry Tomatos)។
២.សហគមន៍កសិកម្ម សុវត្ថិភាពធម្មជាតិ ស្ថិតនៅភូមិជ្រៃខាងជើង ឃុំគៀនសង្កែ ស្រុកសូត្រនិគម។ សហគមន៍មានសមាជិក ៣៣១នាក់(ស្រ្តី ២៥៣រូប) និងមានដំណាំសក្តានុពលគឺ បន្លែ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៥ហិកតា។ សហគមន៍បានចុះកិច្ចសន្យាជាមួយនឹងសាលាបឋមសិក្សាចំនួន ៩ ដើម្បីផ្គត់ផ្គង់បន្លែសម្រាប់ធ្វើជាម្ហូបសម្រាប់កូនសិស្ស។ ក្រោយពីទទួលបានការបណ្តុះបណ្តាលស្តីការអនុវត្តកសិកម្មល្អ( CamGAP) សមាជិកចំនួន ៥នៅក្នុងសហគមន៍នឹងទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អសម្រាប់ដំណាំបន្លែ។