នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងប្រចាំខែកុម្ភៈ និងមីនា ដោយមានការអញ្ជើញចូលរួមពី អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF-TR--PIU1) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) និងក្រសួងអភិវឌ្ឍន៍ជនបទ(MRD-PIU3) ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ(ARDB) ធនាគារស្ថាបនា(SPNB) អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង ៦ ទីប្រឹក្សាជាតិនិងអន្តរជាតិ។

កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន(១)វឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោងប្រចាំខែកុម្ភៈ និងមីនា,(២) បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពជាមួយនឹងដំណោះស្រាយ, (៣)ផែនការសកម្មភាពអនុវត្តបន្ត និង(៤) ឯកសារជំនួយស្មារតី(Aide Memoire) របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ដំណើរការនៃកិច្ចប្រជុំគឺមានការរាយការណ៍ជាសង្ខេបនៃវឌ្ឍនភាពក្រោមសមាសភាគលទ្ធផលនីមួយៗ ជាមួយនឹងកិច្ចពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយ។ ក្រោយពីកិច្ចប្រជុំបញ្ចប់ អង្គប្រជុំក៏បានដាក់ផែនការសកម្មភាពសម្រាប់ការអនុវត្តក្នុងខែបន្តបន្ទាប់ និងការរៀបចំបញ្ចប់ឯកសារជំនួយស្មារតី។ កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងមានការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពន្លឿនការអនុវត្តសកម្មភាពគម្រោងអោយបានទាន់ពេលវេលានិងទទួលបានលទ្ធផលតាមការគ្រោងទុក។