នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅអគារតេជោសន្ដិភាពនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសហប្រធានគណៈកម្មការដឹកនាំគម្រោង ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោកជាសមាជិក សមាជិកាគណៈកម្មការដឹកនាំគម្រោងនៃក្រសួងពាក់ព័ន្ធរួមមាន ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ព្រមទាំងឯកឧត្ដម លោក លោកស្រី នាងកញ្ញានៃភ្នាក់ងារអនុវត្តគម្រោង ACSEP សរុបប្រមាណ៤០នាក់។ កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន ២ គឺ (១) ប្រកាសសមាសភាពគណៈកម្មការដឹកនាំគម្រោងតាមប្រកាសលេខ២៨២ សសរ.កសក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង (២) ពិនិត្យ និងផ្ដល់ការឯកភាពលើសេចក្ដីព្រាងផែនការសកម្មភាពនិងថវិកាគម្រោងសម្រាប់ឆ្នាំ២០២២ ព្រមទាំងផ្ដល់ការណែនាំ និងអនុសាសន៍សម្រាប់ជាការតម្រង់ទិសអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។ គម្រោង ACSEP មានគោលបំណង “ពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលមានភាពប្រកួតប្រជែង រួមមាន ៖ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ពូជក្នុងស្រុក” ដោយផ្ដោតលើអភិក្រម “ភាពជាដៃគូធុរកិច្ច” រវាងសហគមន៍កសិកម្ម កសិករចិញ្ជឹមមាន់ពូជក្នុងស្រុក និងកសិសហគ្រិន ដែលក្នុងនោះ ឥណទានត្រូវបានរៀបចំឲ្យមានសម្រាប់ផ្ដល់ជូនដល់តួអង្គនៃភាពជាដៃគូធុរកិច្ចនេះ សំដៅបង្កើនផលិតភាពផលិតកម្មនៃមុខកសិផលទាំង៥នេះ ប្រកបដោយគុណភាព និងសុវត្ថិភាព។ បន្ទាប់ពីប្រកាសសមាសភាពគណៈកម្មការដឹកនាំគម្រោង និងការបង្ហាញអំពីគម្រោង អង្គប្រជុំបានពិនិត្យ ពិភក្សា និងផ្ដល់ការឯកភាពលើសេចក្ដីព្រាងផែនការសកម្មភាពនិងថវិកាគម្រោងសម្រាប់ឆ្នាំ២០២២ រួមជាមួយនឹងការណែនាំ និងអនុសាសន៍សម្រាប់នាយកគម្រោង និងសហការីក្រុមការងារអនុវត្តគម្រោងទាំងអស់ ធ្វើការកែសម្រួល និងអនុវត្តនៅក្នុងឆ្នាំ២០២២។