ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ផ្នែកគាំពារបរិស្ថាននឹងសង្គម និងយេនឌ័រ អង្គភាពគ្រប់គ្រងគម្រោង នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំសិក្ខាសាលាស្តីពី “ការតម្រង់ទិសកិច្ចការពារសុវត្ថិភាពបរិស្ថាននឹងសង្គម និងយេនឌ័រដល់ដៃគូអនុវត្តន៍គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” នៅសាលប្រជុំស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង (ACSEP)។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមមកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) អង្គភាពអនុវត្តគម្រោងសមាសភាគទី១ និង៣ (PIU/Output 1 & 3) អង្គភាពអនុវត្តន៍គម្រោង (PIU Output 2) ទីប្រឹក្សាគម្រោងជំនាញការពារសុវត្ថិភាពបរិស្ថាននឹងសង្គម និងយេនឌ័រ (PICs) អង្គភាពអនុវត្តន៍គម្រោងថ្នាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ សហគ្រាសកសិកម្ម (PAEs) សហគមន៍កសិកម្ម (PACs) និងកសិករចិញ្ចឹមមាន់ស្រុកយកសាច់ សរុបចំនួន ៦៤រូប។
គោលបំណងសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធរួមមាន៖ ១.ជំរុញឱ្យមានការយល់ដឹងកាន់តែច្បាស់ពីគោលនយោបាយផ្នែកការពារសុវត្ថិភាពបរិស្ថាននឹងសង្គម និងយេនឌ័រ ដើម្បីចៀសវាងផលប៉ះពាល់ជាអវិជ្ជមានរបស់គម្រោង ទៅលើបរិស្ថាន និងការដោះស្រាយផលប៉ះពាល់ដោយមិនស្ម័គ្រចិត្ត បើសិនអាចធ្វើបាន។ ២.ជំរុញឱ្យមានការស្វែងយល់ពីផលប៉ះពាល់ និងបញ្ជៀស ឬកាត់បន្ថយ នឹងផ្តល់សំណងជូនដល់គ្រួសារដែលរងផលប៉ះពាល់អវិជ្ជមាន ប្រសិនបើការបញ្ជៀសមិនអាចធ្វើទៅបាន ចំពោះបរិស្ថាន និងសង្គម។ ៣.ជាព័ត៌មានក្នុងការផ្សព្វផ្សាយដល់អ្នកកម្ចី/អតិថិជនយល់ដឹងឱ្យកាន់តែច្បាស់ទៅលើការពង្រឹងប្រព័ន្ធការពារសុវត្ថិភាពបរិស្ថាននិងសង្គម និងអាចអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងហានិភ័យនៃបរិស្ថាន និងសង្គម។ ៤.លើកកម្ពស់ការកសាងសមត្ថភាពយេនឌ័រដល់ដៃគូរអនុវត្តន៍គម្រោង ដើម្បីជួយដៃគូរអនុវត្តន៍គម្រោងក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានសមត្ថភាព និងសមធម៌យេនឌ័រ ជាពិសេសផ្តោតទៅលើស្ត្រីភេទ ហើយជាមួយគ្នានេះ គឺដើម្បីកសាង និងពង្រឹងជាបណ្តើរៗនូវសមត្ថភាពរបស់សិក្ខាកាមទៅលើការអនុវត្តផែនការសកម្មភាពផ្នែកយេនឌ័រនៅក្នុងគម្រោង។