ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល នៅសាលប្រជុំសែនពិដោរនៃអគារផ្ការំដួល អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំកិច្ចប្រជុំ ពិនិត្យការអនុវត្តសកម្មភាពគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក ឡុង ពិសិដ្ឋ តំណាងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី( ADB) លោក Maxime BONNHOMME តំណាងក្រុមការងារនៃភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង លោក លោកស្រី កញ្ញាតំណាងអង្គភាពគ្រប់គ្រងគម្រោង លោក លោកស្រីតំណាងអង្គភាពអនុវត្តគម្រោងក្រោមសមាសភាគទី២ (MAFF-Output2) លោក លោកស្រី ទីប្រឹក្សា និងក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC)។ កិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យការអនុវត្តសកម្មភាពគម្រោងដោយផ្តោតលើផ្នែកលទ្ធកម្ម និងវឌ្ឍនភាពនៃការអនុវត្តសកម្មភាពតាមផ្នែកនីមួយៗក្រោមសមាសភាគទី២។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងការងារដែលរាំងស្ទះ ព្រមទាំងលើកជាដំណោះស្រាយដើម្បីជំរុញការអនុវត្តសកម្មភាពអោយសម្រេចបានទាន់ពេលវេលាកំណត់។