នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជបនបទ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តឧត្តរមានជ័យ បានចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តឧត្តរមានជ័យ ដោយបានចុះពិនិត្យទៅលើការអនុវត្តសកម្មភាពគម្រោងរបស់សហគមន៍កសិកម្មខ្ទុំ អ្នកប្រមូលទិញ-លក់ដំឡូងមី (សាយឡូ) និងសហគមន៍កសិកម្មស្រះឈូក រួមមានលទ្ធផលសង្ខេបដូចខាងក្រោម៖

១. សហគមន៍កសិកម្មខ្ទុំ ជាសហគមន៍ផ្តោតទៅលើការដាំដំណាំដំឡូងមី ស្វាយចន្ទី និងមានរបរទិញនិងលក់ដំឡូងមី។ សហគមន៍បានទទួលកម្ចីពីគម្រោងតាមរយះធានាគារអភិវឌ្ឍន៍ជនបទ ដើម្បីទិញសាស៊ើ និងទុនសម្រាប់បង្វិលទិញ-លក់ដំឡូង។ លើសពីនេះ សហគមន៍នឹងទទួលបាននូវការគាំទ្រពីគម្រោង (សមាសភាគទី២) លើការសាងសង់ឃ្លាំងស្តុកចំនួន ១ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

២. លោកស្រី ឆាន់ ហាក់មុយ ជាអ្នកប្រមូលទិញ-លក់ដំឡូងមី (សាយឡូ) ដែលបានទទួលកម្ចីពីគម្រោងតាមរយៈធានាគារអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងសាងសង់រានហាល និងទិញត្រាក់ទ័រសម្រាប់ប្រើជាកន្លែងសម្ងួតដំឡូងមី និងទុនសម្រាប់បង្វិលទិញដំឡូងមីពីកសិករ ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិសំរោង ឃុំសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

៣. សហគមន៍កសិកម្មស្រះឈូក ជាសហគមន៍ដែលមានមុខរបរផ្តោតជាសំខាន់លើការទិញលក់ជីកសិកម្ម និងទិញលក់-គ្រាប់ចន្ទី ហើយសហគមន៍នេះគ្រោងនឹងទទួលបាននូវការគាំទ្រពីគម្រោងលើការសាងសង់ឃ្លាំងស្តុបចំនួន១ ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិស្រះឈូក ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។