ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ត្រីតាមដាន និងវាយតម្លៃ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត បានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដើម្បីចុះកិច្ចសន្យាជាមួយកសិករក្នុងការសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានចុះកិច្ចសន្យាជាមួយអ្នកម៉ៅការសាងសង់ទ្រុងមាន់ និងសំណាញ់របងលួសជុំវិញទ្រុងមាន់ ចំនួន ១ កន្លែង ក្នុងខេត្តសៀមរាប និង ១កន្លែងទៀត ក្នុងខេត្តឧត្តរមានជ័យ។
ជាលទ្ធផល ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិកម្មសត្វ បានព្រមព្រៀងគ្នាចុះកិច្ចសន្យាសហការលើសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក ជាមួយកសិករឈ្មោះ ឈឿម វ៉យ នៅខេត្តសៀមរាប និងកសិករឈ្មោះ ពិន សុធា នៅខេត្តឧត្តរមានជ័យ ដោយក្តីរីករាយ។ ទន្ទឹមនឹងនេះប្រធានសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វក៏បានចុះកិច្ចសន្យាម៉ៅការសាងសង់ទ្រុងមាន់ជាមួយជាងម៉ៅការសាងសង់ទ្រុងមាន់ឈ្មោះ សន ចេង នៅខេត្តសៀមរាប និងជាងម៉ៅការ ចាន់ ស៊ីណាង នៅខេត្តឧត្តរមានជ័យ និងបានប្រគល់ប្រាក់កក់មួយចំនួន ដើម្បីសាងសង់គ្រឹះក្រោមនៃទ្រុងមាន់ ក្រោយពេលផ្តិតមេដៃលើកិច្ចសន្យានេះ ដោយក្តីសោមនស្សរីករាយ។