នៅថ្ងៃអង្គារ ១០រោច​ ដល់ថ្ងៃព្រហស្បត្តិ៍ ១២ រោចខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩​ ដល់ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៥ នៅទីរួមខេត្តសៀមរាប​ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោង សមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ និងខេត្តឧត្តរមានជ័យ អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "ការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារដល់មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ខេត្តនៃគម្រោង ACSEP" ក្រោមអធិបតីភាពបណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិ-ឧស្សាហកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP។ 

វគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងថ្នាក់ខេត្តសៀមរាប​ និងខេត្តឧត្តរមានជ័យ​ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ សរុបចំនួន ៣០រូប (ស្រ្តី ៨រូប)។  វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង កសាងសមត្ថភាពដល់មន្រ្តីជំនាញលើការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះ និងគោលការណ៍អនុវត្តប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពចំណីអាហារ (GHP/GMP/HACCP) ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ការប្រឹក្សាយោបល់ និងតាមដានសកម្មភាពជាមួយសហគ្រាសកសិកម្មដែលបានជ្រើសរើសក្នុងគម្រោង លើការរៀបចំផែនការអនុវត្ត និងការស្នើនូវវិញ្ញាបនបត្រគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ (GHP/GMP/HACCP) ស្របតាម សូចនាករដែលបានកំណត់នៅក្នុងក្របខណ្ឌគម្រោង ACSEP។