នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជបនបទ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តព្រះវិហារ ដែលមានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
១. សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ជាសហគមន៍កសិកម្មដែលមានផលិតកម្មដាំណាំស្វាយចន្ទី និងដំឡូងមីជាចម្បង មានអាស័យដ្ឋានស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សហគមន៍គ្រោងនឹងទទួលបាននូវការគាំទ្រពីគម្រោងលើការសាងសង់ឃ្លាំងស្តុកចំនួន១ ជាមួយនេះ សមាជិកសហគមន៍នឹងចូលរួមអនុវត្តចម្ការបង្ហាញអំពីបច្ចេកទេសដាំដំណាំចន្ទី និងដំឡូងមីនៅសហគមន៍។ ការសាកសួរពិភាក្សាបានផ្ដោតទៅលើការពង្រីកទុនផលិតកម្ម សក្ដានុពលនៃផលិតកម្មដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាយន្តការក្នុងភ្ជាប់ទំនាក់ទំនងទីផ្សារ។
២. លោកស្រី ខៀវ ណារ៉ុង ជាកសិករដាំដំណាំចន្ទី និងដំឡូងមី ដែលទទួលបានប្រាក់កម្ចីពីគម្រោងតាមរយៈធនាគារស្ថាបនា ដើម្បីធ្វើការវិនិយោគលើផលិតកម្មដំណាំចន្ទី មានអាស័យដ្ឋានស្ថិតនៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ។ លោកស្រី ខៀវ ណារ៉ុង ទើបតែបានចូលជាសមាជិកសហគមន៍កសិកម្មក្របៅព្រហ្មទេព និងមានចំណូលពីអាជីវកម្មដូចជា៖ ដាំសណ្តែកដី ដំឡូងជ្វា ដំឡូងមី ម្រេច ដែលក្នុងនោះ មានបញ្ហាប្រឈមទាក់ទង់នឹងទីផ្សារមានការប្រែប្រួលតម្លៃខ្លាំង។ កសិកររូបនេះត្រូវបានលើកទឹកចិត្តឲ្យធ្វើការទំនាក់ទំនង់ញឹកញាប់ជាមួយសហគមន៍កសិកម្ម ដើម្បីទទួលបានប្រយោជន៍ពីសហគមន៍។
៣. បានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង២៤.២០គីឡូម៉ែត ដែលមានចំណុចចាប់ផ្តើមពីភូមិសង្គមថ្មី ដល់ភូមិតាសែង នៅក្នុងឃុំសង្គមថ្មី ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយជាផ្លូវដែលបានសាងសង់រួចរាល់។ ជាមួយនេះ ក្រុមបេសកកម្មបានបន្តចុះពិនិត្យបន្ថែមផ្លូវមួយខ្សែថ្មីប្រវែង ១៨ គីឡូម៉ែត ជាផ្លូវបន្តពីខ្សែផ្លូវដែលទើបសាងសង់រួច ភ្ជាប់ពីព្រំប្រទល់ខេត្តព្រះវិហារ ទៅព្រុំប្រទល់ខេត្តកំពង់ធំ។