នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជបនបទ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តខេត្តកំពង់ធំ បានចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្តកំពង់ធំ ដោយបានចុះពិនិត្យលើការអនុវត្តគម្រោងរបស់សហគមន៍កសិកម្មសាលាវិស័យ ពិនិត្យផ្លូវមួយខ្សែ សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង និងសហគមន៍កសិកម្មព្រេនរីកចំរើន ដែលមានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖

១. សហគមន៍កសិកម្មសាលាវិស័យមានសមាជិកចំនួន៣២៤នាក់ (ស្រី ២០០នាក់) ជាសហគមន៍កសិកម្មដែលផ្តោតទៅលើផលិតកម្ម និងអាជីវកម្មស្វាយចន្ទី ដែលមានមានអាស័យដ្ឋានស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។ ជាមួយនឹងការចូលរួមអនុវត្តសកម្មភាពគម្រោងជាច្រើនកន្លងមក សហគមន៍គ្រោងនឹងទទួលបាននូវការគាំទ្រឃ្លាំងស្តុកចំនួន១ ពីគម្រោង និងទទួលបាននូវប្រាក់កម្ចីតាមរយៈធានាគារអភិវឌ្ឍន៍ជនបទ។ ការពិភាក្សាសាកសួរនាំបានផ្ដោតទៅលើការគ្រប់គ្រងសហគមន៍, ផែនការផលិតកម្ម និងអាជីវកម្មប្រមូលទិញ-លក់ស្វាយចន្ទី ការប្រើប្រាស់ថវិកាកម្ចីរួមជាមួយព័ត៌មានផលិតផលឥណទាន និងការភ្ជាប់ផលិតផលស្វាយចន្ទីទៅទីផ្សារដែលក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាផ្ដត់ផ្គង់ (លក់) ផលិតផលស្វាយចន្ទីឲ្យក្រុម MIRATH ។

២. បានពិនិត្យផ្លូវមួយខ្សែប្រវែង១២.៤០គីឡូម៉ែត ដែលបានសាងសង់រួចរាល់ក្រោមគម្រោង ACSEP និងបានចុះពិនិត្យបន្ថែមលើផ្លូវមួយខ្សែថ្មីប្រវែង៥គីឡូម៉ែត ដែលបានសំណើរឡើង និងជាផ្លូវបន្តពីខ្សែផ្លូវដែលទើបសាងសង់រួច ស្ថិតក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ខេត្តកំពង់ធំ។

៣. សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង មានសមាជិកចំនួន១៥៣នាក់ (ស្រ្តី ៦១នាក់) ជាសហគមន៍ដែលផ្តោតទៅលើផលិតកម្មនិងអាជីវកម្មស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សហគមន៍បានទទួលប្រាក់កម្ចីពីគម្រោងតាមរយៈធនាគារ ARDB ក្នុងគោលបំណងពង្រីកផលិតកម្មស្វាយចន្ទី និងបង្កើនទុនប្រមូលទិញ-លក់ផលិតផលស្វាយចន្ទី ដែលក្នុងន័យនេះ សហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់ (លក់) ស្វាយចន្ទី ជាមួយក្រុមហ៊ុន MIRATH និងគ្រោងចុះកិច្ចសន្យាបន្ថែមទៀតជាមួយក្រុមហ៊ុន SANTANA ។ ការសាកសួរនាំពិភាក្សាបានផ្តោតលើការស្នើសុំគាំទ្រឃ្លាំងចំនួន១ ក្នុងនោះ សហគមន៍ត្រូវបានស្នើឲ្យពិនិត្យលើការដោះស្រាយកម្មសិទ្ធិប្រើប្រាស់ដីធ្លីសាងសង់ឃ្លាំងជាមុន។

៤. សហគមន៍កសិកម្មព្រេនរីកចំរើន មានសមាជិកសរុប ២៤៧នាក់ (ស្រ្តី ១៩១នាក់) ជាសហគមន៍ដែលផ្តោតទៅលើផលិតកម្មបន្លែ មានអាស័យដ្ឋានស្ថិតនៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សហគមន៍បានចូលរួមជាមួយសកម្មភាពគម្រោងបានច្រើនកន្លងមក ដូចជាការចូលរួមវគ្គបណ្ដុះបណ្ដាល វេទិកាផ្គូផ្គងធុរកិច្ច វេទិកាផ្សព្វផ្សាយឥណទានជាដើម។ល។ ហើយសហគមន៍គ្រោងនឹងទទួលបាននូវការគាំទ្រផ្ទះសំណាញ់ និងការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មបន្លែ ព្រមទាំងការសម្របសម្រួលឲ្យមានការប្រមូលផ្តុំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ ឬអ្នកប្រមូលទិញដុំ។