នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជបនបទ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តខេត្តត្បូងឃ្មុំ បានចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងខេត្តត្បូងឃ្មុំ ដោយបានចុះពិនិត្យទៅលើការអនុវត្តគម្រោងរបស់ កសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ សហគមន៍កសិកម្មបៃតងគោកស្រុក និងចុះពិនិត្យផ្លូវមួយខ្សែររួមមានលទ្ធផលដូចខាងក្រោម៖
១. លោកស្រី ពុធ សុជា ជាកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកស្រីបានចូលជាសមាជិករបស់គម្រោង ACSEP តាមរយៈសហគមន៍បែតងគោកស្រុក និងសហគមន៍ល្ងៀងមានជ័យ ទៅលើការចិញ្ចឹមមាន់ និងភ្ងាស់កូនមាន់ ដោយលោកស្រីមានបទពិសោធន៍ច្រើនឆ្នាំ។ ទន្ទឹមនឹងនោះ លោកស្រី បានទទួលអត្ថប្រយោជន៍ពីគម្រោង រួមមាន ការចូលរួមធ្វើកសិដ្ឋានបង្ហាញក្នុងការចិញ្ចឹមមាន់ និងភ្ងាស់កូនមាន់។
២. សហគមន៍កសិកម្មបៃតងគោកស្រុក មានសមាជិក៦៥គ្រួសារ (ស្រ្តី ១០គ្រួសារ) ជាសហគមន៍ដែលមានសក្តានុពលទៅលើដំណាំដំឡូងមី ស្រូវ បន្លែ ស្វាយចន្ទី និងកៅស៊ូជាដើម។ សហគមន៍បានចូលរួមជាមួយគម្រោង ACSEP និងបានទទួលផលប្រយោជន៍រួមមាន រោងវេចខ្ចប់បន្លែ១ រានហាល១ និងផ្ទះសំណាញ់សម្រាប់សមាជិកចំនួន៥ និងជាពិសេសសហគមន៍បានទទួលប្រាក់កម្ចីពីគម្រោងដើម្បីទិញឡានទំហំ ៣០តោន មួយគ្រឿង ដើម្បីដឹកផលិតផល ធ្វើជញ្ជីង និងទុកបង្វិលជាដើមទុនសម្រាប់សហគមន៍។ សហគមន៍មានទីតាំងស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
៣. បានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង ១២.៥០គីឡូម៉ែត MRD-CW03-AFD-TBK-Lot 1 ដែលបានសាងសង់រួចរាល់ក្រោមគម្រោង ACSEP សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។