នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជបនបទ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ចាម បានចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងខេត្តកំពង់ចាម ដោយបានចុះពិនិត្យទៅលើការអនុវត្តគម្រោងរបស់សហគមន៍កសិកម្មសំបូរមានជ័យ សហគ្រាស ឡុឹង ម៉ានុត សហគមន៍កសិកម្មពន្លកថ្មី និងការចុះពិនិត្យផ្លូវមួយខ្សែររួមមានលទ្ធផលដូចខាងក្រោម៖
១. សហគមន៍កសិកម្មសំបូរមានជ័យ មានសមាជិកសរុបចំនួន ២៤៤៧នាក់ (ស្រ្តីចំនួន ១០៣៩នាក់) ជាសហគមន៍ដែលមានសក្តានុពលទៅលើ ដំណាំបន្លែ បន្លែធ្វើប្រេងស្លឹកគ្រៃ ឪឡឹក ម្នាស់ ចេក ដំណាំស្រូវ ដំណាំចន្ទី ជាដើម។ សហគមន៍បានចូលរួមជាមួយគម្រោង ACSEP ដោយបានទទួលផលប្រយោជន៍រួមមាន រោងវេចខ្ចប់បន្លែ និងម៉ាស៊ីនសម្ងួតគ្រាប់ស្វាយចន្ទី និងជាពិសេសសមាជិកសហគមន៍បានទទួលប្រាក់កម្ចីពីគម្រោងនៅក្នុងអត្រាការប្រាក់ទាប។ ទន្ទឹមនឹងនោះ សហគមន៍បានស្នើសុំក្រុមការងារបន្ថែមទៅលើរោងសម្រាប់ផលិត និងវេចខ្ចប់គ្រាប់ស្វាយចន្ទី ព្រោះតំបន់មានសក្តានុពលខ្លាំងក្នុងការផលិត។ សហគមន៍មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២. សហគ្រាស ឡឹង ម៉ានុត ជាសហគ្រាសដែលមានសក្តានុពលទៅលើការផលិតគ្រាប់ស្វាយចន្ទីទៅជាផលិតផលសម្រេច។ សហគ្រាសបានចូលរួមជាមួយគម្រោងតាមរយះការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងការជួយជម្រុញ សម្របសម្រួលជាមួយសហគ្រាសឲ្យត្រៀមខ្លួនក្នុងការដាក់ពាក្យយក GMP នាពេលខាងមុខ។ សហគ្រាសមានទីតាំង ភូមិតាអុង ឃុំចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
៣. សហគមន៍កសិកម្មពន្លកថ្មី មានសមាជិកចំនួន ៤៣២នាក់ ស្រី្ត ១៤៦នាក់ ដែលជាសហគមន៍មានសក្តានុពលទៅលើដំណាំស្វាយ និងដំណាំបន្លែ។ សហគមន៍បានចូលរួមជាមួយគម្រោង និងទទួលបានផលប្រយោជន៍ពីគម្រោងរួមមាន ឃ្លាំងស្កុកស្វាយចំនួន១ និងការធ្វើកសិកម្មបង្ហាញ (ផ្ទះសំណាញ់ចំនួន ៣) រោងចិញ្ចឹមមាន់ចំនួន ៣ និងទទួលបានប្រាក់កម្ចីសម្រាប់សមាជិកនីមួយៗ ដោយអត្រាការប្រាក់ទាប និងសូមស្នើសុំបន្ថែមផ្លូវមួយខ្សែរបន្ថែមទៀត។ សហគមន៍មានទីតាំងនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
៤. បានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង ១៧.៥៥គីឡូម៉ែត MRD-CW03-AFD-KPC-Lot 2 ដែលបានសាងសង់រួចរាល់ក្រោមគម្រោង ACSEP សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។