នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានដឹកនាំក្រុមការងារចូលរួមជាមួយ និងក្រុមការងារបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងនៅពាក់កណ្តាលអាណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ីADB ពិនិត្យនិងពិភាក្សា នៅទីតាំងដូចខាងក្រោមៈ

១.សហគមន៍កសិកម្ម ចម្រើនជីវភាព មានទីតាំងនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានលោកស្រី ឡុញ ធារ៉ា ជាប្រធានក្រុមប្រឹក្សាភិបាល។ សហគមន៍មានសមាជិកសរុប ៨០គ្រួសារ ដែលក្នុងនោះ ៤៣គ្រូសារជាអ្នកដាំដុះបន្លែ(ដំណាំសក្តានុពលរបស់សហគមន៍)។

២.ដេប៉ូ ហេង រតនៈលក់សម្ភារ និងជីកសិកម្ម ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានលោក គង់ កែវរតនៈជាម្ចាស់។ អាជីវកម្មបានបើកដំណើរការរយៈពេល ៦ឆ្នាំ ហើយមានលក់ ជី សម្ភារៈកសិកម្ម និងពូជដំណាំ។ អាជីវកម្មបានទទួលឥណទានពីធនគារស្ថាបនា ក្រោមក្របខណ្ឌគម្រោង ACSEP។