នៅថ្ងៃពុធ ០៩ កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបណ្ឌិត សរ ចិត្រា នាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការអនុវត្តកសិកម្មល្អកម្ពុជា CamGAP”។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារអនុវត្តគម្រោង នៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីពាក់ព័ន្ធខេត្តគោលដៅគម្រោងរួមមានខេត្តកំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ និងគ្រូឧទ្ទេសនាមមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយ ដល់មន្រ្តីថ្នាក់ខេត្តស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP។