កាលពីថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក មាន ចេតនា ប្រធានការិយាល័យលេីកកម្ពស់គុណភាព និងសុវត្តិភាពផលិតផលកសិកម្មនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការអនុវត្តកសិកម្មល្អកម្ពុជា CamGAP” ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ASCEP )។វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារ អនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីពាក់ព័ន្ធខេត្តគោលដៅគម្រោងរួមមានខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ខេត្តស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP។