ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីរួមខេត្តកំពង់ធំ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "គោលការណ៍អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/GMP/HACCP) សម្រាប់សហគ្រាសកសិកម្ម" នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP តំណាងលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP ។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមមកពីតំណាងអង្គភាពគ្រប់គ្រងគម្រោង តំណាងផ្នែកគាំពារសុវត្ថិភាពសង្គមនិងបរិស្ថាន និងយេនឌ័រគម្រោង នៃអង្គភាពគ្រប់គ្រងគម្រោង អង្គភាពអនុវត្តគម្រោងថ្នាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហគ្រាសកសិកម្ម និងទីប្រឹក្សាផ្នែកគាំពារសុវត្ថិភាពសង្គមនិងបរិស្ថាន និងយេនឌ័រ សរុបចំនួន ៤៥រូប (ស្រី ១៨រូប)។
គោលបំណងនៃការបណ្តុះបណ្តាល គឺ (១) បង្កើនការយល់ដឹងអំពីគោលការណ៍អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (GHP/GMP/HACCP) ដល់សហគ្រាសកសិកម្មដែលបានធ្វើអត្តសញ្ញាណចូលរួមក្នុងគម្រោង (២) បង្កើនចំណេះដឹងក្នុងការអនុវត្តការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ការចងក្រងនិងគ្រប់គ្រងឯកសារ កំណត់ត្រា ដែលអនុលោមទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ GHP/GMP/HACCP (៣) ផ្ដល់គោលការណ៍ណែនាំដែលទាក់ទងនឹងការរៀបចំផែនការ និងការអនុវត្តគោលការណ៍នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដល់សហគ្រាសកសិកម្មដែលមានបំណងស្នើសុំវិញ្ញាបនបត្រ GHP/GMP/HACCP (៤) បង្កើនការយល់ដឹងដល់សហគ្រាសកសិកម្ម អំពីកិច្ចគាំពារសុវត្ថិភាពបរិស្ថាននិងសង្គម ព្រមទាំងវិធានបន្ធូរបន្ថយ ឬជៀសវៀងផលប៉ះពាល់ដល់សង្គម និងបរិស្ថាន និង (៥) គន្លឹះសំខាន់ៗនៃការបញ្រ្ជាបយេនឌ័រក្នុងសហគ្រាសកសិកម្ម។
កម្មវិធីបណ្តុះបណ្តាល បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល ជាមួយនឹងការចូលរួមលើកឡើងជាសំណួរ និងការពិភាក្សាយ៉ាងផុលផុសពីសហគ្រាសកសិកម្ម និងទទួលបានការឆ្លើយតបយ៉ាងក្បោះក្បាយពីគ្រូឧទ្ទេស នៃក្រុមការងារ សមាសភាពផ្នែកកសិ-ឧស្សាហកម្ម និងទីប្រឹក្សាផ្នែកគាំពារសុវត្ថិភាពសង្គមនិងបរិស្ថាន និងយេនឌ័រ។