នៅថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ សប្តស័ក ព.ស. ២៥៦៩ ត្រូវហ្នឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពអនុវត្តន៍គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» ដោយមានការចូលរួមដឹកនាំ និងសម្របសម្រួលវគ្គ ពីកញ្ញា ប៊ូ សុជាតា ប្រធានផ្នែកព័ត៌មានទីផ្សា (ACSEP) នៃនាយកដ្ឋានផែនការនិងស្ថិតិ និងសហការី ក្នុងនោះដែរ មានការចូលរួមពី លោក ជា កុសល ទីប្រឹក្សាឯកទេសផ្នែក អភិវឌ្ឍន៍កសិកម្ម និងកសិកម្មតាមកិច្ចសន្យា និងលោក ហ៊ាង លាន ទីប្រឹក្សាឯកទេសផ្នែក ផែនការអាជីវកម្ម របស់ក្រុមហ៊ុន AVCC-ACSEP នៅសណ្ឋាគារ គ្លរៀស & ស្ប៉ា (Glorious Hotel & Spa) ក្នុងខេត្តកំពង់ធំ ។ សិក្ខាកាមចូលរួមសរុបចំនួន ២២នាក់ មានស្ត្រីចំនួន៨នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ១០រូប  និងមន្ត្រីកសិកម្មឃុំចំនួន ១០រូប និងមន្ដ្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ ចំនួន២រូប។

ការធ្វើបទបង្ហាញនៃវគ្គបណ្ដុះបណ្ដាលរួមមាន៖

- គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"

- ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ

- ការគណនាថ្លៃដើមផលិត ចំណូល ចំណាយ និងចំណេញ រួមទាំងតម្លៃបន្ថែម

- វិភាគបញ្ហា និងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ

- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ

- សហគ្រិនភាព

- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ

- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket

- របៀបប្រើប្រាស់ អេប APP CamAgriMarket

ក្នុងដំណើរការវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេស បានធ្វើការវាយតម្លៃចំណេះដឹង មុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ។ សកម្មភាពពិភាក្សក្រុមលើប្រធានបទ «សារៈសំខាន់នៃការធ្វើផែនការការអាជីវកម្ម» ដែលចែកជាបីក្រុម ដោយមានតំណាងក្រុមឡើងធ្វើបទបង្ហាញ និងមានការចូលរួមផ្តល់យោបល់បន្ថែមលើការពិភាក្សាខាងលើពីទីប្រឹក្សាAVCCផងដែរ៕