នៅថ្ងៃទី៥ ដល់ ១៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ដែលដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការចូលរួមពីតំណាងក្រុមការងារអង្គភាពអនុវត្តគម្រោងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (PIU1) តំណាងអង្គភាពអនុវត្តគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ (PIU3) សហការីផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ទីប្រឹក្សាគម្រោងផ្នែកគាំពារសុវត្ថិភាពសង្គម (PIC) មន្ត្រីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ តំណាងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារស្ថាបនាខេត្តឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ បានចុះពិគ្រោះយោបល់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច (Indigenous Peoples Plan) សម្រាប់គម្រោង (ACSEP) ជាមួយទីប្រឹក្សាផ្នែកកិច្ចគាំពារសុវត្ថិភាពសង្គមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលមានសកម្មភាពនិងលទ្ធផលដូចខាងក្រោម៖
-ជួបពិគ្រោះយោបល់ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ បច្ចុប្បន្នភាព ការអនុវត្ត តួនាទីនិងភារកិច្ច កិច្ចសហការ ការគាំទ្រ តម្រូវការ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ជនជាតិដើមភាគតិចជាមួយតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងអង្គការក្រៅរដ្ឋាភិបាលខេត្តទាំង៣ ដែលមានតួនាទីនិងភារកិច្ច និងអនុវត្តការងារពាក់ព័ន្ធនិងជនជាតិដើមភាគតិច។
-ជួបសម្ភាសន៍ជាមួយតំណាងធនាគារស្ថាបនាខេត្ត និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្ត ដើម្បីដឹងអំពីតួនាទីនិងភារកិច្ច ការអនុវត្ត តម្រូវការ ឱកាស ហានិភ័យ និងដំណោះស្រាយក្នុងការផ្តល់ប្រាក់កម្ចីជូនអតិថិជនដែលជាអាជីវករនិងកសិករប្រកបរបរកសិកម្ម ជាពិសេសអតិថិជនជាជនជាតិដើមភាគតិច។
-ប្រជុំពិគ្រោះយោបល់ដោយសេរីនិងបើកជំហជាមួយមេកន្ទ្រាញ ចាស់ព្រឹទ្ធាចារ្យ មេភូមិ ប្រធានសហគមន៍កសិកម្ម ក្រុមតំណាងកសិករ (បុរសនិងស្ត្រី) ក្រុមតំណាងស្ត្រីដែលមានជីវភាពក្រីក្រមធ្យមនិងខ្លាំង ក្រុមតំណាងយុវជន (បុរសនិងស្ត្រី) ជាជនជាតិដើមភាគតិចគួយ នៅសហគមន៍កសិកម្ម ភូមិខ្ទុំ ខេត្តឧត្តរមានជ័យ សហគមន៍កសិកម្ម តស៊ូសែនជ័យ ខេត្តព្រះវិហារ និងសហគមន៍កសិកម្ម សាលាវិស័យ ខេត្តកំពង់ធំ ដើម្បីសិក្សាស្វែងយល់អំពី វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ស្ថានភាពជីវភាពនិងសេដ្ឋកិច្ចគ្រួសារ សិទ្ធប្រើប្រាស់ដីធ្លី បទពិសោធន៍នៃការទទួលនិងប្រើប្រាស់ប្រាក់កម្ចីឥណទាន ការទទួលបានផលប្រយោជន៍ តម្រូវការ បញ្ហាប្រឈម និងដំណោះស្រាយ ឬផែនការយុទ្ធសាស្ត្រសមស្របណាមួយដែលអាចជួយគាំទ្រដល់បងប្អូនជនជាតិដើមភាគតិចក្នុងការរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងអភិវឌ្ឍន៍ជីវភាពរបស់ពួកគាត់ ជាពិសេសនៅពេលកំពុងអនុវត្តគម្រោង ACSEP ស្ថិតនៅក្នុងទីតាំងដែលមានវត្តមានជនជាតិដើមភាគតិចកំពុងរស់នៅផ្ទាល់។