កាលពីថ្ងៃទី២ ដល់ ៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការចូលរួមពីមន្ត្រីគម្រោង ទីប្រឹក្សាគម្រោង (PIC) និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះប្រជុំពិគ្រោះយោបល់ជាសាធារណៈនិងរៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់សង្គមនិងបរិស្ថាន និងយេនឌ័រ និងសិក្សា ត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ដោយមិនស្ម័គ្រចិត្តលើជនជាតិដើមភាគតិច (IP) លើសហគមន៍កសិកម្ម សហគ្រាសកសិកម្ម និងអ្នកចិញ្ចឹមមាន់ស្រុក ដែលទទួលផលពីគម្រោង ACSEP ដែលនឹងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ផ្ទះសំណាញ់ចំនួន២៨ ទីលានហាល២ ឃ្លាំង២ រោងវេចខ្ចប់បន្លែ១ ម៉ាស៊ីនសម្ងួតគ្រាប់ចន្ទី២ និងរោងចិញ្ចឹមមាន់ស្រុកយកសាច់និងមាន់ពូជ១៥ ស្ថិតនៅខេត្តកំពង់ចាម ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គមនិងបរិស្ថាន និងផែនការសកម្មភាពយេនឌ័ររបស់ ADB មន្ត្រីជំនាញផ្នែកសង្គមនិងបរិស្ថាន និងយេនឌ័រ បានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖

១.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកចូលរួម

២.ពិនិត្យនិងប្រមូលព័ត៌មានពាក់ព័ន្ធផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន

៣.ត្រូវមានការចូលរួមនិងសម្រេចចិត្តរបស់ស្រ្តី និងសមភាពយេនឌ័រ ចំពោះសំណើសុំហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គម្រោង

៤.គ្រប់ទីតាំងស្នើសុំ មិនស្ថិតនៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃ អភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌

៥.សមាជិកសហគមន៍កសិកម្មនិងកសិករចិញ្ចឹមមាន់្រសុក មិនមានវត្តមាននិងមិនមានផលប៉ះពាល់អវិជ្ជមានលើសិទ្ធិ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិច

៦.ទីតាំងដីសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាតតូច តម្រូវការដីជាកម្មសិទ្ធិច្បាស់លាស់

៧.ទីតាំងដីសាងសង់ត្រូវតែមានទំហំសមស្របតាមមាត្រដ្ឋានដែលស្នើសុំនៃសំណង់។