កាលពីថ្ងៃទី១៨ ដល់ ២២ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការចូលរួមពីមន្ត្រីគម្រោង ទីប្រឹក្សាគម្រោងផ្នែកគាំពារបរិស្ថាននិងសង្គម (PIC) ជំនួយការគ្រប់គ្រងគម្រោង មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តកំពង់ធំ (AVCC) បានចុះត្រួតពិនិត្យនិងវាយតម្លៃលើការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត (IR) ផលប៉ះពាល់ដោយមិនស្ម័គ្រចិត្តលើជនជាតិដើមភាគតិច(IP) សុវត្ថិភាពបរិស្ថាន និងផែនការសកម្មភាពយេនឌ័រ (GAP) ទៅលើសហគមន៍កសិកម្ម (ACs) ចំនួន៦ និងសហគ្រាសកសិកម្ម (AEs) ចំនួន២ ដែលជាដៃគូរបស់គម្រោង ACSEP នៅខេត្តកំពង់ធំ។

ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គមនិងបរិស្ថាន និងយេនឌ័ររបស់ ADB ក្រុមការងារផ្នែកគាំពារសង្គមនិងបរិស្ថាន និងយេនឌ័រ បានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖

១.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកចូលរួម

២.ពិនិត្យនិងវាយតម្លៃលើផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន

៣.កំណត់ប្រភេទផលប៉ះពាល់បរិស្ថានចំពោះទីតាំងស្ថិតនៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃ អភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌របស់សហគមន៍កសិកម្ម (ACs) និងសហគ្រាសកសិកម្ម (AEs)

៤.ពិនិត្យនិងវាយតម្លៃផលប៉ះពាល់ទៅលើសិទ្ធិ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិច

៥.ពិនិត្យសមាសភាព ការចូលរួម និងការសម្រេចចិត្តរបស់ស្រ្តី និងសមភាពយេនឌ័រ ចំពោះការអនុវត្តការងារនៅក្នុងសហគមន៍កសិកម្ម (ACs) និងសហគ្រាសកសិកម្ម (AEs)។