នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅបន្ទប់ប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ជាន់ទី១ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តសកម្មភាពក្រោមកញ្ចប់ថវិកា JFPR និង AIF ក្រោមការដឹកនាំសម្របសម្រួលដោយលោក  ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង ACSEP។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង លោក លោកស្រីប្រធាននិងសហការីនៃសមាសភាគផ្នែកដំណាំ ផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ ផ្នែកសិ-ឧស្សាហកម្ម ផ្នែកប្រព័ន្ធទីផ្សារនិងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ផ្នែកប្រព័ន្ធបច្ចេកទេសវិទ្យានិងព័ត៌មានភូមិ សាស្រ្តកសិកម្ម ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជដំណាំ ទីប្រឹក្សាជាតិផ្នែកជំនួយការគម្រោង ប្រធានក្រុមនៃទីប្រឹក្សាអនុវត្តគម្រោង និងតំណាងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តគោលដៅ។

កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើការអនុវត្តសកម្មភាពគម្រោងក្រោមកញ្ចប់ថវិកា JFPR និង AIF និងពិនិត្យឡើងវិញនូវបញ្ជីអ្នកទទួលផលដែលមានសហគមន៍កសិកម្ម សហគ្រាសកសិកម្ម  និងកសិករចិញ្ចឹមមាន់ដែលធនាគារដៃគូរទាំង២បានធ្វើចំណាត់ថ្នាក់។