ថ្ងៃអង្គារ ១១ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំនាងនួន នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពគ្រប់គ្រងគម្រោង នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “កិច្ចគាំពារសុវត្ថិភាពសង្គម (Social Safeguard Clinic)” ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ និងជានាយកគម្រោង ACSEP ដោយមានសមាសភាពចូលរួមដោយផ្ទាល់និងតាមរយៈ Zoom សរុបចំនួន៤៧នាក់ រួមមាន៖ ទីប្រឹក្សាផ្នែកការពារសុវត្ថិភាពសង្គមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គភាពគ្រប់គ្រងគម្រោង (PMU/ACSEP) អង្គភាពអនុវត្តគម្រោង ទីប្រឹក្សាផ្នែកគាំពារសង្គម (PIC) អង្គភាពអនុវត្តគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Output 1) អង្គភាពអនុវត្តគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ (Output 3) អង្គភាពអនុវត្តគម្រោងថ្នាក់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង៦ និងទីប្រឹក្សាសម្របសម្រួលអនុវត្ដគម្រោង(AVCC) ប្រចាំខេត្តគោលដៅទាំង៦។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីលើកកម្ពស់ការយល់ដឹងរួមគ្នាអំពីបញ្ហាកិច្ចគាំពារសង្គមសំខាន់ៗក្នុងចំណោមភាគីពាក់ព័ន្ធនានា ដោះស្រាយបញ្ហាប្រឈមទូទៅ លើកកម្ពស់កិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធ និងពង្រឹងសមត្ថភាពនិងផ្ដល់បទពិសោធន៍ល្អៗដល់អ្នកចូលរួមក្នុងការអនុវត្តកិច្ចគាំពារសុវត្ថិភាពសង្គមនៅក្នុងក្របខណ្ឌនៃគម្រោង ACSEP។
ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
-អ្នកចូលរួម បានទទួលនូវការណែនាំ និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃពី មន្ត្រីជំនាញការផ្នែកសុវត្ថិភាពសង្គមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
-អ្នកចូលរួម បានទទួលបានការណែនាំនូវមាគ៌ាដ៏ត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីបន្តការអនុវត្តការងារគម្រោង ACSEP ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍កិច្ចគាំពារសុវត្ថិភាពសង្គម។
-អ្នកចូលរួម បានយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍និងនីតិវិធីនៃការអនុវត្តកិច្ចគាំពារសុវត្ថិភាពសង្គមទទួលបានបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញដើម្បីដោះស្រាយបញ្ហប្រឈមនានា ដែលកើតឡើងក្នុងពេលអនុវត្តគម្រោង កំណត់បាននូវទិសដៅ និងយុទ្ធសាស្ត្រល្អៗក្នុងការយកចិត្តទុកខ្ពស់ដាក់ខ្ពស់លើសុវត្ថិភាព និងផលប៉ះពាល់សង្គម ដើម្បីបន្តអនុវត្តការងារគម្រោង ACSEP ឱ្យកាន់តែរលូននិងជោគជ័យ។