នៅថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon Riverside អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំកិច្ចប្រជុំ“គណ:កម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន ជាមួយនិងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធាន។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណ:កម្មការដឹកនាំគម្រោង។ កិច្ចប្រជុំក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងធនាគារដៃគូទាំងពីរ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant) ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC និងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ។ កិច្ចប្រជុំមានគោលបំណង ១)ពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពក្នុងឆ្នាំ២០២៥ កន្លងមក និងពិភាក្សាអំពីបញ្ហាប្រឈមនានា និងលើកជាដំណោះស្រាយសំដៅលើកកម្ពស់ការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។ ២)ពិភាក្សាការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៦ ព្រមទាំងផ្តល់ការឯកភាព។
កិច្ចប្រជុំ “គណ:កម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP)"
2025-09-15