នៅថ្ងៃអង្គារ ៩កើត ដល់ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះបង្ហាត់បង្រៀនដល់ សហគ្រាសកែច្នៃម្សៅដំឡូងមី ស៊ឹង គីមហេង ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងទីប្រឹក្សាគម្រោង (AVCC) សរុបចំនួន ២៤រូប (ស្រ្តី ៦រូប)។
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់ សហគ្រាសកែច្នៃម្សៅដំឡូងមី ស៊ឹង គីមហេង នេះផ្តោតលើ៖
(១) ការណែនាំអំពីសុវត្ថិភាពចំណីអាហារ និងការអនុវត្តអនាម័យល្អដល់បុគ្គលិក
(២) ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងអនាម័យ
(៣) ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ លំហូរនៃដំណើរការកែច្នៃ និងចុះផ្ទៀងផ្ទាត់
(៤) នីតិវិធីនៃគោលការណ៍អនុវត្ត និង
(៥) ការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងការគ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ តាមរយៈការកំណត់អត្រាសំណើម្សៅ។