នៅថ្ងៃអង្គារ ៧រោច ដល់ថ្ងៃព្រហស្បត្តិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបន្តចុះបង្ហាត់បង្រៀនដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ឡឹង ម៉ានុត ដើម្បីរៀបចំស្នេីសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP ឬ HACCP ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងផ្នែកកសិ-ឧស្សាហកម្ម មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំងទីប្រឹក្សា ជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ២៤រូប (ស្រ្តី ១៤រូប)។  
សកម្មភាពនៃការចុះបង្ហាត់បង្រៀនដល់សហគ្រាសផ្តោតលើ៖
១. រៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសេីម​ និងស្ងួត
២. រៀបចំទំរង់របាយការណ៍នៃដំណាក់កាលកែច្នៃនីមួយៗ ចាប់ពីទទួលគ្រាប់ស្វាយចន្ទី រហូតដល់វេចខ្ចប់ និងស្តុកទុក (ទទួលវត្ថុធាតុដើម សំងួតគ្រាប់ស្វាយចន្ទីឆៅ ស្តុកចូលគ្រាប់ឆៅស្ងួត ស្តុកចេញគ្រាប់ឆៅស្ងួត និងសមតុល្យស្តុកគ្រាប់ស្វាយចន្ទីឆៅ)
៣. រៀបចំរបាយការណ៍ត្រួតពិនិត្យគុណភាពគ្រាប់ស្វាយចន្ទី រួមមាន គ្រាប់សើម គ្រាប់ស្ងួត និងសាច់គ្រាប់ចន្ទីកែច្នៃ
៤. ចុះត្រួតពិនិត្យលេីការកែសម្រួលលំហូរប្លង់ និងហេដ្ឋារចនាសម្ព័ន្ធនៃដំណើរការកែច្នៃ ដោយស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ
៥. បង្កើតក្រុមសុវត្ថិភាពចំណីអាហារ HACCP
៦. រៀបចំនីតិវីធីលើការប្រើប្រាស់ឧបករណ៍
៧. កំណត់នីតិវិធី និងកម្មវិធីសម្អាតឧបករណ៍ សំភារៈ   និងម៉ាស៊ីន កែច្នៃ